បុរសពិការដៃទាំងសងខាងម្នាក់ត្រូវបានវះកាត់បំពាក់ដៃសិប្បនិមិត្តអេឡិចត្រូនិក ដើម្បីអាចចាប់កាន់វត្ថុផ្សេងៗបានដូចមនុស្សមានដៃពីកំណើតដែរ។
លោក Les Baugh ដែលជាជនពិការដៃទាំងសងខាងដោយសារគ្រោះថ្នាក់ឆក់ខ្សែភ្លើងនោះ ត្រូវបានវះកាត់បំពាក់ដៃយន្តសិប្បនិមិត្ត ឈ្មោះ Modular Prosthetic Limb ហើយដំណើរការគឺត្រូវប្រើវិញ្ញាណ ស្រដៀងគ្នាទៅនឹងដៃរបស់មនុស្សធម្មតាដែរ តែវាមានការលំបាកបន្តិចក្នុងការបញ្ជាដៃយន្តនេះក្នុងការចាប់កាន់របស់អ្វីមួយនោះ។
ដៃយន្តនេះ ត្រូវបានបង្កើតឡើងដោយវិស្វករនៃសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក។ ដៃម្ខាងមានប្រព័ន្ធ Sensor រហូតដល់ទៅជាង ១០០ និងសន្លាក់ចំនួន ២០ ហើយមានតម្លៃដល់ទៅ ៥០ម៉ឺនដុល្លារឯណោះ។
លោក Mike McLoughlin ជាប្រធានវិស្វករស្រាវជ្រាវរបស់សាកលវិទ្យាល័យ Johns Hopkins បាននិយាយថា ជនពិការដៃទាំងសងខាងទាំងអស់ នឹងមានអារម្មណ៍ថាដៃសិប្បនិមិត្តដែលពួកគេពាក់ មានវិញ្ញាណស្រដៀងគ្នាទៅនឹងដៃមនុស្សពិតៗដែរ។
បច្ចុប្បន្នមន្ទីរស្រាវជ្រាវរបស់សាកលវិទ្យាល័យខាងលើ កំពុងតែព្យាយាមស្វែងរកដៃគូរសហការ ដើម្បីធ្វើឱ្យដៃសិប្បនិមិត្ត Modular Prosthetic Limb កាន់តែទូលំទូលាយសម្រាប់ជនពិការជុំវិញពិភពលោក នៅប៉ុន្មានឆ្នាំខាងមុខ៕