ក្លិប FC Barcelona បានត្រៀមប្រាក់ ៥០លានផោន (ជាង៧៨លានដុល្លារ) ដើម្បីទិញយកតារាឆ្នើម Aaron Ramsey របស់កាំភ្លើងធំ Arsenal នៅពេលទីផ្សារដោះដូរកីឡាករបើក ទោះជាក្លិបជាប់ពិន័យមិនឲ្យទិញចូលកីឡាករថ្មីក្នុងឆ្នាំ២០១៥ក៏ដោយ។ នេះបើតាមកាសែត The Sun បានចុះផ្សាយ។
អ្នកមានបុណ្យ Barca នឹងត្រូវការខ្សែបម្រើបន្ថែមទៀតនៅរដូវកាលក្រោយ បន្ទាប់ពី Xavi Hernandez បានប្រកាសចាកចេញពីក្លិបកាលពីម្សិលមិញ ក្រោយចំណាយពេល២៤ឆ្នាំ នៅកីឡដ្ឋាន Camp Nou។ ចំណែកឯ Ivan Rakitic លេងបានយ៉ាងល្អ តាំងពីផ្ទេរពី Sevilla ប៉ុន្តែលោក Luis Enrique នៅតែចង់បន្ថែមខ្សែបម្រើប្រយុទ្ធ Ramsey ម្នាក់ទៀត។
The Sun បានលើកឡើងថា Barcelona បានត្រៀមទឹកប្រាក់ដ៏ធំ ចំនួន៥០លានផោន ដើម្បីទិញយក Ramsey ពីកាំភ្លើងធំឲ្យបាន។ សេចក្ដីរាយការណ៍ដដែលបន្ថែមថា នៅរដូវកាលនេះ Barca បានឃ្លាំមើល កីឡាករជម្រើសជាតិវែលចំនួន១០ដងហើយ និងជឿថាគ្រប់យ៉ាងនឹងអាចសម្រេចបានជោគជ័យ បើអាចដោះស្រាយបញ្ហាការជាប់ពិន័យ (មិនឲ្យទិញកីឡាករចូល) បាន។
កីឡាករវ័យ២៤ឆ្នាំ Ramsey ដែលនៅជាប់កុងត្រា៤ទៀត នៅកីឡដ្ឋាន Emirates បានបង្ហាញខ្លួនសរុបឲ្យកាំភ្លើងធំនៅរដូវកាលនេះ ចំនួន៣៩ប្រកួតហើយ និងស៊ុតបញ្ចូលទីបាន១០គ្រាប់ ។